គន្លឹះទាំង៩យ៉ាង សម្រាប់សិស្សនិស្សិតដែលចង់រៀនឲ្យពូកែ
សិស្សនិស្សិតដែលរៀនបានពួកែទាំងអស់ មិនមែនសុទ្ធតែមកពីពួកគេមានទេព្យកោសល្យ និងប្រាជ្ញាឈ្លាសវៃពីកំណើតនោះទេ។ ភាគច្រើននៃសិស្សនិស្សិតដែលរៀនពួកែ ទទួលបានពិន្ទុល្អ គឺសុទ្ធតែមកពីការខំព្យាយាមរៀនសូត្រដោយមានគោលការណ៍ច្បាស់លាស់។ ពួកគេមិនមែនរៀនដោយគ្មានរបៀប ឬគ្មានបច្ចេកទេសនោះទេ។ តើបច្ចេកទេសរៀនឲ្យពូកែមានអ្វីខ្លះ?
១. គោរពវិន័យឲ្យបានត្រឹមត្រូវ៖ ត្រូវមានវិន័យនៅក្នុងខ្លួន និងត្រូវគោរពវិន័យសាលាឲ្យបានត្រឹមត្រូវ គឺមករៀនឲ្យបានទៀងទាត់ អនុវត្តន៍តាមបទបញ្ជារបស់សាលា និងអវុត្តន៍រាល់កិច្ចការដែលគ្រូដាក់ឲ្យធ្វើ។ ជាពិសេស ត្រូវគោរពនិងឲ្យតម្លៃលោកគ្រូ អ្នកគ្រូរបស់អ្នក។
២. រៀបកាលវិភាគរៀនឲ្យបានច្បាស់៖ អ្នកត្រូវរៀបចំកាលវិភាគសម្រាប់រៀននៅសាលា និងរៀននៅផ្ទះឲ្យបានត្រឹមត្រូវ ហើយអនុវត្តន៍តាមកាលវិភាគដែលអ្នកបានកំណត់នោះឲ្យបានជាប់លាប់ ដោយចៀសវាងនូវយកហេតុផលឬយកលេសថា រវល់ធ្វើនេះ រវល់ធ្វើនោះ នោះទេ។
៣. ស្រាវជ្រាវមេរៀនបន្ថែម៖ ពឹងផ្អែកលើឯកសារ ឬខ្លឹមសារមេរៀនដែលរបស់គ្រូតែមួយមុខ មិនគ្រប់គ្រាន់ឡើយ គឺត្រូវធ្វើការស្រាវជ្រាវតាមបណ្ណាល័យ តាមអ៊ីនធើណេត និងអានសៀភៅទាក់ទិននឹងមេរៀនដែលអ្នកកំពុងសិក្សាឲ្យបានច្រើនកាន់តែល្អ។
៤. បង្កើតក្លឹបស្វ័យសិក្សា៖ អ្នកត្រូវបង្កើតក្លឹបស្វ័យសិក្សាជាមួយមិត្តភក្តិឲ្យបានច្រើន គឺក្នុងចំណោមមិត្តភក្តិរបស់អ្នកមិនប្រាកដថា ពួគេរៀនពូកែគ្រប់មុខវិជ្ជាដូចគ្នានោះទេ។ ដូច្នេះ អ្នកណាពូកែគណិតឲ្យគេជួយបង្រៀនគណិត អ្នកពូកែអក្សរសាស្ត្រឲ្យគេជួយបង្រៀនអក្សរសាស្ត្រដល់មិត្តភក្តិដទៃដែលមិនពូកែ។ លើសពីនេះទៅទៀត ត្រូវចេះបង្កើតចំណោទ បង្កើតសំណួរ រួចនាំគ្នាជួយស្វែងរកចម្លើយ នោះប្រាកដជាចេះទាំងអស់គ្នាជាមិនខាន។
៥. ខំរៀនមុខវិជ្ជាខ្សោយឲ្យបានច្រើនជាងគេ៖ ជាទូទៅសិស្សណារៀនពូកែមុខវិជ្ជាណា គឺពួកគេចូលចិត្តរៀនតែមុខវិជ្ជនោះ។ ផ្ទុយមកវិញ អ្នកមិនត្រូវធ្វើដូចពួកគេឡើយ គឺត្រូវគិតថាមុខវិជ្ជាណាដែលខ្លួនរៀនខ្សោយជាងគេ គឺត្រូវខំរៀនមុខវិជ្ជានោះឲ្យបានច្រើនជាងមុខវិជ្ជាផ្សេងៗទើបអាចធ្វើឲ្យអ្នកក្លាយជាសិស្សពូកែបាន។
៦. យកចិត្តទុកដាក់ស្តាប់គ្រូពន្យល់៖ អ្នកត្រូវយកចិត្តទុកដាក់ តាមដានការពន្យល់របស់គ្រូឲ្យបានច្បាស់ ត្រូវកត់ត្រា ឬ គូសចំណាំនូវចំណុចសំខាន់ៗឲ្យបានច្បាស់។ ជាពិសេស ត្រូវហ៊ានបង្កើតសំណួរសួរគ្រូនូវចំណុចណាដែលមិនសូវច្បាស់ ឬមិនយល់។
៧. រាប់អានមិត្តភក្តិដែលល្អនិងរៀនពូកែ៖ កាលណាមានមិត្តភក្តីល្អៗនិង មានមិត្តភក្តិដែលរៀនពូកែកាន់តែច្រើន នោះអ្នកនឹងខំរៀន ខំធ្វើខ្លួនឲ្យល្អ ឲ្យត្រឹមត្រូវដូចមិត្តរបស់អ្នកជាពុំខាន ព្រោះប្រសិនជាអ្នកមិនអាចធ្វើខ្លួនឲ្យត្រូមត្រូវដូចគេ ឬរៀនមិនពូកែដូចគេ នោះអ្នកប្រាក់ជាមានអារម្មណ៍ខ្មាសខ្លួនឯង និងខ្មាសមិត្តភក្តិរបស់អ្នក។ ហើយអ្នកក៏មិនអាចដើរក្នុងចំណោមពួកគេបានដែរ ព្រោះពួកគេជាក្រុមអ្នករៀនពួកែ។
៨. សម្រាកលំហែខួរក្បាលឲ្យបានល្អ៖ មិនត្រូវបង្ខំខ្លួនឯងឲ្យរៀនរហូតនោះទេ គឺត្រូវយកពេលសម្រាក និងដើរកម្សាន្តនៅកន្លែងដែលមានបរិយាកាលល្អ ខ្យល់បរិសុទ្ធ ដើម្បីលំហែខួរក្បាលឲ្យមានអារម្មណ៍ស្រស់ថ្លា នោះខួរក្បាលរបស់អ្នកនឹងឆាប់ទទួលនិង ចាប់យកមេរៀនបានយ៉ាងឆាប់រហ័ស ហើយចងចាំបានយូរទៀតផង។
៩. ញ៉ាំអាហារដែលមានប្រយោជន៍ដល់សុខភាព៖ អ្នកត្រូវញ៉ាំអាហារណាដែលអាចជួយបំប៉នខួរក្បាលឲ្យមានប្រាជ្ញាឈ្លាសវៃ និងរាងកាយមាំមួនបានល្អ នោះអ្នកនឹងមានកម្លាំង និងមានអារម្មណ៍ល្អក្នុងការខិតខំរៀនសូត្របន្តទៀតផងដែរ៕
ប្រភព៖ ThmeyThmey