វិធីសាស្តរអានសៀវភៅ និងគុណប្រយោជន៍នៃការអានសៀវភៅ

899

តាមធម្មតាមនុស្សយើងតែងតែប្រើអារម្មណ៍ស្ងាត់ដើម្បីធ្វើការអានសៀវភៅ តែមានអ្នកខ្លះគាត់ថាពេលអានសៀវ​ភៅ​នៅកន្លែងស្ងាត់ពេកទេធ្វើឱ្យពួកគេងងុយដេកទៅវិញ? អានកន្លែងណាដែលស្ងប់ស្ងាត់គ្មានមនុស្សគឺ មានអារម្មណ៍ថា យើងកំពុងតែជជែកលែងជាមួយនឹងអ្នកប្រាជ្ញម្នាក់នោះអុីចឹង។ តើពេលវេលាណាដែលយើងគួរអានសៀវភៅ និងទទួលបានច្រើនពីការអានសៀវភៅទាំងនោះ?

សៀវភៅ គឺជាបណ្តាបណ្តុំនៃគំនិត ជាឫស្សគល់នៃចំណឹងដឹង ដែលអ្នកមានចំណេះដឹងខ្ពស់ខ្ពស់ ឬអ្នកប្រាជ្ញជាច្រើននាក់បានចងក្រង ឬកត់ត្រាទុកតាមរយៈសៀវភៅទាំងឡាយ ។ ការអានសៀវភៅ ត្រូវប្រើវេលាសមស្របមួយ និងមានភាពស្ងប់ស្ងាត់ដើម្បីផ្ចង់អារម្មណ៍ អាចពិចារណារាល់ពាក្យពេចន៍របស់អ្នកនិពន្ធផ្សេងៗ។ មានទស្សនៈមួយដែលខ្ញុំពេញចិត្ត និងចេះចាំយ៉ាងរត់មាត់គឺ ” គ្មានអ្នកប្រាជ្ញណាដែលកើតឡើងដោយមិនចេះអានសៀវភៅឡើយ “។

ខ្ញុំតែងតែពេញចិត្តនឹងការអានសៀវភៅគ្រប់ទម្រង់ទាំងអស់រួមមាន សៀវភៅប្រវត្តិសាស្ត្រ សង្គម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងប្រលោមលោក ជាដើម។ ប៉ុន្តែក្នុងចំណោមសៀវភៅទាំងអស់នេះគឺ ខ្ញុំជក់ចិត្តជាងគេគឺ សៀវភៅបែបប្រវត្តិសាស្ត្រ និង យុទ្ធសាស្ត្រជាងគេ ។ មនោខ្ញុំ ស្រឡាញ់ពេញចិត្តនឹងធម្មជាតិ និងមាតុភូមិខ្មែរយើងជាខ្លាំងទើបចង់អានសៀវភៅប្រវត្តិសាស្ត្រ ដើម្បីឱ្យបានដឹងពីមនុស្ស ការអប់រំ សិល្បៈ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើងនាសម័យអតីតកាលនោះ។

បើចង់អានចូលនិងចាំស្ទាត់ល្អត្រូវរកកន្លែងស្ងប់ស្ងាត់ ឬក្នុងរយៈពេលអធ្រាត្រយប់ជ្រៅបន្តិចទើបសព្វសត្វខ្លះដេកលង់លក់ដែលធ្វើឱ្យគ្មានសំឡេងរំខានដល់យើងអ្នកអានសៀវភៅ។ ការអានសៀវភៅគឺ អាចធ្វើឱ្យចិត្តរបស់មនុស្សយើងមានភាពស្ងប់ស្ងាត់គ្មានសំឡេងរំខាន… និងចេះស្វែងរកអ្វីដែលគប់បាត់ឱ្យលេចចេញជារូបរាង និងគាស់រំលើងឡើងជាថ្មីម្តងទៀត ។ មានពេលខ្លះយើងគិតថាដូចជាកំពុងតែសន្ទនាជាមួយនឹងអ្នកប្រាជ្ញទាំងអស់នោះអុីចឹងដែរ។

សម័យនេះមនុស្សមានតិចតួចណាស់ ដែលពេញចិត្តនឹងការអានសៀវភៅទៀតនោះ ព្រោះថាការអានសៀវភៅធ្វើឱ្យពួកគេមានអារម្មណ៍ស្មុគស្មាញគិត និងមិនសប្បាយដូចជាការកម្សាន្តតាមកញ្ជក់ទូរទស្សន៍ ឬតាមបណ្តាញអុីធើនេតជាដើម។

ប្រសិនបើអ្នកអានសៀវភៅច្រើនអ្នកនឹងទទួលបានប្រយោជន៍កាន់តែច្រើនដូចជា៖

– កើនចំណេះដឹង

– រំឭកពីអក្សរ និងចេះអក្សរកាន់តែច្រើនឡើង

– យល់ដឹងពីបញ្ហាសង្គម និងជីវិតរស់នៅ

– ដឹងពីទស្សនៈផ្សេងៗរបស់អ្នកប្រាជ្ញ និងអ្នកនិពន្ធ

– ដឹងពីប្រវត្តិសាស្ត្រជាតិ និងអត្តរជាតិ

– ដឹងពីទឹកចិត្តរបស់អ្នកនិពន្ធ

– បង្កើនការអប់រំ

– អប់រំផ្លូវចិត្តគំនិត

– កាត់បន្ថយភាពភ័យខ្លាច និងមានទំនុកចិត្ត

– ទទួលបានអ្វីថ្មីៗ និងប្លែកៗ

– វិធីសាស្ត្រជាច្រើនក្នុងការរស់នៅ

– បំបាត់ភាពអផ្សុក -ល- ។

មនុស្សជាច្រើនតែងតែនិយាយថាសៀវភៅគឺ អានហើយធ្វើឱ្យមនុស្សចេះដឹងច្រើន ប៉ុន្តែម្នាក់ៗ គ្មាននរណាចង់​អាន​សៀវភៅទេ ព្រោះពួកគេមិនចង់ចំណាយពេលច្រើនជាពិសេសគឺ មានជំងឺម្យ៉ាងដែលជាឧបសគ្គពួកគេជាប្រចាំដោយសារតែ ” ជំងឺខ្ជិល ” នៅក្នុងខ្លួនរបស់មនុស្សគ្រប់គ្នា។ ប្រសិនបើម្នាក់ៗផ្លាស់ប្តូរគំនិតចាប់យកសៀវ​ភៅ​នៅក្នុងដៃវិញ គឺអាចបញ្ជៀសពីសង្គ្រាមជាច្រើន ហើយអ្នកទាំងអស់គ្នានឹងយល់ពីតម្លៃនៃសៀវភៅជាមិនខានឡើយ៕

អត្ថបទ៖ លោក មនោ វិជ្ជា
ប្រភព៖ KnowledggeCambodia

You might also like