សកម្មភាពដែលអ្នកកំពុងបំផ្លាញខ្លួន​ឯងដោយមិនដឹងខ្លួន

1,231

យឺតយ៉ាវ/ពន្យាពេល

តើអ្នកធ្លាប់ធ្វើការជាមួយជនជាតិ ជប៉ុន ឬអាមេរិកទេ? ការដែលអ្នកទៅជួបគេ ឬចូលធ្វើការមិនទាន់ម៉ោងចាត់ទុកជាការមើលងាយគេ ហើយរាល់គំរោងការដែលនឹងត្រូវពិភាក្សារត្រូវបានលុបចោលទាំងអស់ ព្រោះប្រជាជនក្នុងប្រទេសអភិវឌ្ឍន៍គេគោរពពេលវាលារបស់គេណាស់។ តើអ្នកធ្លាប់លឺពាក្យថា ២៤ម៉ោងអ្នកក្រ ខុសពី២៤ម៉ោងអ្នកមានទេ?

ទម្លាប់ទុកការងារចោល ចាំស្អែកចាំធ្វើ មិនចេះទើស

នៅពេលថ្នាក់លើដាក់ការងារអោយច្រើន មិនប្រឹងធ្វើអោយហើយក្នុងថ្ងៃនេះ បែជាធ្វើការងារមួយៗដូចរាប់ស្មៅ មិនខ្វល់ថាការងារប្រញាប់ប៉ុណ្ណា ក្នុងចិត្តគិតថា (មានអីត្រូវប្រឹង?ការងារច្រើនប្រាក់ខែតិច  ការងារហើយក៏ប្រាក់ខែប៉ុណ្ណឹង ការងារមិនហើយក៏ប្រាក់ខែប៉ុណ្ណឹង អត់ខ្វល់) ។ ហើយបើធ្វើការងារខ្លួនឯងរួចហើយក៏មិនខ្វល់ខ្វាយនឹងជួយការងារអ្នកដទៃដើម្បីអោយក្រុមហ៊ុនកាន់តែមានប្រសិទ្ធភាពការងារខ្ពស់។ បើអ្នកទម្លាប់ធ្វើការងារបែបនេះហើយថៅកែរបស់អ្នកនៅមិនដេញអ្នកចេញនោះ ចាត់ទុកថាអ្នកបានធ្វើបុណ្យខ្លាំងណាស់ពីជាតិមុន។ តែត្រូវដឹងខ្លួនផលថាទង្វើរដែលអ្នកធ្វើនេះជាបញ្ញើរក្អែកនៅក្នុងចិត្តគេប៉ុណ្ណោះ ពេលណាគេរកអ្នកដែលអាចជំនួសអ្នកបានហើយ អ្នកនឹងមិនអាចឈជើងបានទៀតឡើយ។

ធ្វើអ្វីអោយរួចពីដៃមិនយកចិត្តទុកដាក់

តើដែលឃើញថ្នាក់ដឹងនាំណាខ្លះដែលធ្វើការខ្ជះខ្ជាយមិនយកចិត្តទុកដាក់ ហើយធ្វើការអោយរួចពីដៃ? បើមានមែន គាត់ក៏មិនអាចកាន់តំណែងនោះបានយូរឡើយ។ ថ្នាក់លើរបស់អ្នកមុននឹងគេប្រគល់ដំណែងសំខាន់ៗអ្វីមួយអោយអ្នកគេគិតណាស់ ប្រសិនបើសូម្បីតែការងារតូចតាចអ្នកធ្វើមិនបានល្អផង តើគេនឹងទុកចិត្តប្រគល់ការងារធំដុំអោយអ្នកដោយរបៀបណា? របៀបធ្វើការបែបមិនយកចិត្តទុកដាក់នេះគឺជាចម្លើយថា ៉ហេតុអ្វីខ្ញុំធ្វើការយូរហើយមិនឡើងប្រាក់ខែ មិនបានឡើងតំណែងធំនឹងគេ?

លេសគ្រប់រឿង/គ្មានទំនួលខុសត្រូវ

ផ្តាសាយបន្តិចបន្តួចក៏សូមច្បាប់ ឈ្លោះគ្នាជាមួយសង្សារឬអ្នកផ្ទះអារម្មណ៍មិនល្អក៏សុំច្បាប់ ក្មួយមកលេងក៏សុំច្បាប់ ឈឺធ្មេញក៏សុំច្បាប់ ដើរលេងយប់ជ្រៅងើបធ្វើការមិនរួចក៏សុំច្បាប់ មានបញ្ហាបន្តិចបន្តួចក៏យកលេសថាធ្វើមិនកើត។ល។ ការងារមិនបានសម្រេចក៏ព្យាយាមរកមូលហេតុ១០០ជំពូកមកការពារខ្លួន ។ គិតតែពីរកលេសដើម្បីបញ្ចាក់ថាហេតុអ្វីមិនជោគជ័យ ហេតុអ្វីមិនរកមូលហេតុដែលថាដាច់ខាតខ្ញុំត្រូវតែជោគជ័យ?

គ្មានគោលដៅជីវិត ប្រចាំឆ្នាំ ប្រចាំខែ ប្រចាំថ្ងៃ

ចាក់សាំងឡានមួយពេញ គិតតែពីជិះដោយគ្មានគោលដៅ ថាទៅមើល អ្នកនឹងទៅដល់ណា? ការរត់ប្រណាំងដែលគ្មានទីបញ្ចប់ តើរកអ្នកឈ្នះឃើញឬទេ? សាកក្រលែកមើលជិវិតរបស់អ្នកកាលពី៥ឆ្នាំមុន តើមានអ្វីខុសគ្នានឹងពេលបច្ចុប្បន្ននេះទេ? ហើយតើអ្នកចង់អោយជីវិត៥ឆ្នាំក្រោយរបស់អ្នកនៅដូចសព្វថ្ងៃនេះ អន់ជាងនេះ ឬល្អជាងនេះ?ភាគច្រើនរបស់មនុស្សរាល់ថ្ងៃនេះស៊ាំនឹងទម្លាប់ងាយៗស្រួល មិនបាច់កំណត់អ្វី ផ្លាស់ប្តូរអ្វីឡើយ (ជិវិតសព្វថ្ងៃរបស់ខ្ញុំប៉ុណ្ណឹងបានហើយ) ដូច្នេះចូរអ្នកទទួលយកនៅស្ថានភាពបច្ចុប្បន្នរបស់អ្នកទៀតចុះ។

អាង

អ្នកខ្លះមានឳពុកម្តាយ ឬមានអ្នកជួយទំនុកបម្រុងហើយក៏អាចរស់នៅស្រួលៗដោយមិនបាច់ខំប្រឹងធ្វើការងាររកស៊ីអ្វីនោះទេ។ សូមសួរថាតើពួកគាត់ទាំងនោះអាចនៅដល់ពាក់កណ្តាលជីវិតក្រោយរបស់អ្នកបានទេ? បើអត់ពីពួកគាត់ទៅតើអ្នកនឹងរស់់ដោយរបៀបណា?

មិនសំលៀងអាវុធអោយមុត

មានកំាបិតដែលមុតស្រួចមួយ និងមានអាវុធជាច្រើនតែសុទ្ធប្រើមិនបានការ ច្រេះចាប់រិចរឹល តើមួយណាល្អជាង? កុំបណ្តោយអោយអ្នកក្លាយជាទាសកររបស់ប្រាក់។ ប្រសិនបើអ្នកមានជំនាញច្បាស់លាស់ ប្រាក់នឹងរត់មករកជាក់ជាមិនខាន ដូចពាក្យចាស់ពោលថា ចេះ១០ មិនស្មើប្រសប់១

ពេលណាល្អសាកសមក្នុងការចាប់ផ្តើមកែប្រែ? សូមប្រាប់ថាពីថ្ងៃនេះ ពេលនេះ ឥឡូវនេះ

អត្ថបទ៖ និស្ស័យ

You might also like