ងាយដូចបកចេក តំណែងក៏ឡើង ប្រាក់ខែក៏ឡើង មេក៏ស្រលាញ់

1,063

បើអ្នកជាប្រធានក្រុមហ៊ុន តើបុគ្គលិកបែបណាដែលអ្នកចង់យកមកធ្វើការអោយអ្នក?

សម្លឹងមើលខ្លួនឯង បើអ្នកមិនមានចំនុចទាំងនេះ អ្នកត្រូវតែផ្លាស់ប្តូជាបន្ទាន់ បើមិនដូច្នោះទេ ទោះអ្នកទៅដល់ក្រុមហ៊ុនណាក៏នៅមិនបានយូរ ទោះនៅបានក៏មិនមានតំណែងខ្ពស់ ប្រាក់ខែច្រើនដែរ។

ក្រុមហ៊ុននឹងព្យាយាមថែរក្សារ និងផ្តល់ផលប្រយោជន៍ជាច្រើនដល់អ្នកប្រសិនបើអ្នកអាចអនុវត្តនូវចំនុចខាងក្រោមនេះ ៖

១.គោរពពេលវេលារាប់ចាប់ពីពេលអ្នកមកសម្ភាសន៍ រហូតដល់ពេលអ្នកទទួលបានការងារ។

សាកល្បងពិសោធន៍ដោយខ្លួនឯង ប្រសិនបើអ្នកតែងតែមកធ្វើការយឺតហើយសុខៗស្រាប់តែផ្លាស់ប្តូវមកធ្វើទាន់ម៉ោង ចូរសង្កេតមើលអក្បបកិរិយារបស់មិត្តរួមការងារ និងថ្នាក់លើរបស់អ្នកទៅមើល តើគេមានទឹកមុខ និងកាយវិការយ៉ាងណាចំពោះអ្នក? មិនត្រឹមតែពួកគេដែលសសើរអ្នកទេ សូម្បីអ្នកផ្ទាល់ក៏មានអារម្មណ៍ល្អក្នុងការធ្វើការងារដែរ។ ហើយថ្ងៃដែលអ្នកមកធ្វើការទាន់ម៉ោងជាថ្ងៃដែលលទ្ធផលការងាររបស់បានល្អប្រសើរបំផុត។ សាកអនុវត្តអ្នកនឹងដឹង។

២.ចំណាត់ថ្នាក់ការងារការបែងចែងការងារមាន៤ដំណាក់ការ៖

-ការងារដែលសំខាន់ ហើយបន្ទាន់

-ការងារដែលមិនសំខាន់ តែបន្ទាន់

-ការងារដែលសំខាន់ តែមិនបន្ទាន់

-ការងារដែលមិនសំខាន់ ហើយមិនបន្ទាន់

សម្រាប់ក្រុមហ៊ុន​ ការងារដែលពាក់ព័ន្ធនឹងប្រាក់ចំណូលគឺជារឿងដែលសំខាន់ និងបន្ទាន់។ ការដែលបែកចែកប្រភេទការងារត្រឹមត្រូវទាន់ពេលនឹងធ្វើអោយអ្នកសម្រេចការងារបានលទ្ធផលខ្ពស់ហួសពីការស្មាន។

៣.ទំនួលខុសត្រូវការងារយើងតែងតែមានកាតព្វកិច្ចក្នុងការកាន់តួនាទីការងាររៀងៗខ្លួន។

ព្យាយាមធ្វើការងាររបស់ខ្លួនអោយចប់សព្វគ្រប់អោយលឿនបំផុតតាមដែលអាចធ្វើបាន ហើយធ្វើដោយយកចិត្តទុកដាក់ ដើម្បីទទួលបានលទ្ធផលដែលល្អបំផុត ព្រោះយើងមិនដឹងថាស្អែកនឹងមានអ្វីកើតឡើង ហើយនឹងមានការងារអ្វីមកទៀតនោះទេ។ មិនខ្វល់ថាសៅរ៍ អាទិត្យ ឬថ្ងៃដែលអ្នកសម្រាកនោះទេ បើអ្នកអាចមានទំនួលខុសត្រូវខ្ពស់ក្នុងការកាន់ការងារ នោះបញ្ចាក់ពីសមត្ថភាពមួយផ្នែកក្នុងការដឹងនាំរបស់អ្នក ដែលជាជណ្តើរឆ្ពោះទៅកាន់តំណែងខ្ពស់ជាងនេះ។ ឬបើមើលទៅថាខ្លួនមិនអាចសម្រេចការងារនេះបានត្រូវសូមយោបល់ពីថ្នាក់លើ និងសិក្សារដើម្បីអភិវឌ្ឍជំនាញបន្ថែមទៀត។

៤.ចេះជួយមិត្តរួមការងារការចេះជួយយកអាសារគេ មិនថាតែក្នុងការងារនោះទេ សូម្បីក្នុងសង្គមរស់នៅក៏អ្នកគួរប្រព្រឹត្តខ្លួនបែបនេះដែរ។ ពេលដែលអ្នកតែងតែធ្វើបែបនេះពិភពលោករបស់អ្នកនឹងក្លាយជាពណ៌ស៊ីជម្ពូរ ជាពិភពលោកដែលពោរពេញដោយក្តីស្រលាញ់ គួរអោយចង់រស់នៅ។ តែត្រូវចាំថា ធ្វើការងារដែលជាតួនាទីរបស់ខ្លួនអោយរួចសិន មុននឹងទៅជួយការងាររបស់អ្នកដទៃ។

៥.ចាត់ទុកក្រុមហ៊ុនដូចជារបស់ខ្លួនឯងសាកចាត់ទុកថាក្រុមហ៊ុនដែលអ្នកធ្វើការរាល់ថ្ងៃជារបស់ខ្លួនទៅមើល។ សាកគិតថាប្រសិនបើខែនេះក្រុមហ៊ុនខាតតើអ្នកនឹងធ្វើយ៉ាងណា? ហើយតើធ្វើយ៉ាងណាដើម្បីអោយក្រុមហ៊ុនមានប្រាក់ចំនេញច្រើនជាងខែមុន? ធ្វើយ៉ាងណាទើបបុគ្គលិកយកចិត្តទុកដាក់ក្នុងធ្វើការងាររកចំណូលអោយក្រុមហ៊ុន? ជឿជាក់ថាអ្នកនឹងធ្វើការលែងគិតពីសៅរ៍ អាទិត្យ ផ្តាសាយបន្តិចបន្តួចក៏ជាឯង ព្រោះតែឃើញពីចំណូល និងហានិភ័យដែលមាននៅចំពោះមុខគ្រប់ពេល។ ការដែលធ្វើបែបនេះត្បិតថាអ្នកមិនទទួលបានចំណូល និងហានិភ័យផ្ទាល់ក៏ដោយ តែជាឱកាសដែលធ្វើអោយអ្នកបង្វឹកខ្លួនឯងធ្វើជាថៅកែដោយមិនមានហានិភ័យ។ ជឿជាក់ថាអ្នកមិនចង់ធ្វើជាបុគ្គលិកគេមួយជីវិតទេ មែនទេ? ហើយប្រសិនបើអ្នកធ្វើបែបនេះបានមែន ថ្នាក់លើអ្នកក៏នឹងកត់អ្នកទុកក្នុងបញ្ចីឡើងតំណែង និងឡើងប្រាក់ខែដែរ។

៦.អភិវឌ្ឍភាពជាងអ្នកដឹងនាំ និង សហគ្រិនភាពបើអ្នកមិនមានសមត្ថភាពក្នុងការដឹងនាំទេ តើអ្នកណានឹងអោយអ្នកក្លាយជាអ្នកដឹងនាំនោះ? ពង្រឹងខ្លួនឯងអោយខ្លាំងជាមុនសិន ទើបគេមើលឃើញហើយផ្តល់អ្វីគ្រប់យ៉ាងដល់អ្នកតាមក្រោយ។ ជំនាញទាំងនេះអាចរៀនបានតាមការអានសៀវភៅ មើលវីដេអូអប់រំ ការចូលសិក្ខាសាលា ឬមើលពីរបៀបធ្វើការរបស់ថ្នាក់លើអ្នកផ្ទាល់តែម្តង។

៧.មានការងារដែលត្រូវធ្វើប្រចាំថ្ងៃ និងរបាយការណ៍ច្បាស់លាស់ព្រឹកឡើងអ្នកត្រូវមានការងារដែលត្រូវធ្វើដោយខ្លួនឯង មិនចាំបាច់ទាល់តែថ្នាក់លើដាក់អោយទេ។ ហើយពេលសម្រេចការងារហើយអស់អ្នកត្រូវមានរបាយការណ៍ប្រាប់ពីការងារដែលរួចរាល់ និងការងារដែលត្រូវធ្វើបង្ហើយដើម្បីថ្នាក់លើងាយរៀបចំការងារបន្ថែម។ ប្រសិនបើអ្នកមិនមានរបាយការណ៍នោះគេនឹងមិនដឹងថា ៨ម៉ោងដែលអ្នកនៅក្រុមហ៊ុនស៊ីប្រាក់ខែរបស់គេនោះអ្នកធ្វើអ្វីខ្លះ? មានប្រយោជន៍ដល់ក្រុមហ៊ុនគេឬទេ? យូរៗគេឃើញថាអ្នកដូចជាមិនមានធ្វើអ្វី ចាំតែដល់ខែបើកលុយ ដែលជាហេតុនាំអោយទាក់ទាញយ៉ាងខ្លាំងដល់ (លិខិតបញ្ឈប់ពីការងារ)។

៨.រៀនដោះស្រាយបញ្ហាដោយខ្លួនឯង៖ប្រសិនបើគ្រាន់តែមានបញ្ហាបន្តិចបន្តួច មិនទាន់ដោះស្រាយអស់ពីសមត្ថាពក៏រត់ទៅរកមិត្តរួមការងារ ឬថ្នាក់លើអោយជួយនោះ តើគេជួលអ្នកមកធ្វើការមានប្រយោជន៍អ្វី?

សាកល្បងវិធីទាំងនេះ ប្រសិនបើអ្នកមិនទាន់បានឡើងតំណែង និងប្រាក់ខែទៀតនោះចូរអ្នកត្រួតពិនិត្យឡើងវិញពីលក្ខខណ្ខនៃការឡើងប្រាក់ខែរបស់ក្រុមហ៊ុនអ្នក ហើយសួរដោយត្រង់ទៅថ្នាក់លើរបស់អ្នកថា (តើខ្ញុំត្រូវបន្ថែមចំនុចណាទៀតដើម្បីបានឡើងតំណែង និងប្រាក់ខែ?)
អត្ថបទ៖ និស្ស័យ

You might also like